កម្ពុជាកំពុងបោះជំហានល្អលើផ្លូវវែងឆ្ងាយឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប

ទោះបីជាប្រទេសកម្ពុជារួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោកក៏ដោយក៏ប្រទេសនេះងាយរងគ្រោះខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ គោលនយោបាយនិងសកម្មភាពសំខាន់ៗអាចជួយប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។
ថ្វីត្បិតតែបច្ចុប្បន្ននេះកម្ពុជារួមចំណែកត្រឹមតែ ០,០២% ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោកក៏ដោយ ប៉ុន្តែប្រទេសនេះមានហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាទំនងជានឹងទទួលរងពីការកើនឡើងនៃទឹកជំនន់និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលមានផលប៉ះពាល់ដល់ការផលិតស្បៀងអាហារ ជាពិសេសស្រូវ។
នៅឆ្នាំ ២០៣០ ការបាត់បង់ព្រៃឈើនិងការប្រើប្រាស់ដីក្នុងគោលបំណងផ្សេងទៀត នឹងរួមចំណែករហូតដល់ ៤៩%នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ដែលតាមពីក្រោយដោយវិស័យថាមពល (២២%) និងវិស័យកសិកម្ម (១៧.៥%) ។
ការស្រាវជ្រាវរបស់យើងបង្ហាញថាមានសកម្មភាពសំខាន់ៗដែលរាជរដ្ឋាភិបាលនិងវិស័យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាគួរពិចារណាដើម្បីជួយប្រទេសឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។
ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធានជាប្រព័ន្ធ ព្រមទាំងឥន្ធនៈស្អាត នឹងមិនត្រឹមតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការខូចខាតបង្កដោយទឹកជំនន់នៅទីក្រុងក៏ដូចជាទីជនបទ ព្រមទាំងកាត់បន្ថយការចំណាយលើការស្តារហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃខ្ពស់។
កំណើនកាបូនទាបលែងជាទំនួលខុសត្រូវតែឯងរបស់រាជរដ្ឋាភិបាលទៀតហើយ។ អ្នកប្រើប្រាស់ត្រូវទាមទារអន្តរាគមន៍ដោះស្រាយទាំងក្នុងប្រទេស ក្នុងតំបន់ និងទូទាំងពិភពលោក។ និយតករត្រូវបង្កើតការលើកទឹកចិត្ត ខណៈដែលវិស័យហិរញ្ញវត្ថុត្រូវគិតគូរពីការចំណាយលើហានិភ័យបង្កដោយអាកាសធាតុក្នុងការផ្តល់ហិរញ្ញប្បទាន និងកាកំណត់តម្លៃរបស់ខ្លួន។
គោលនយោបាយមួយចំនួនកំពុងត្រូវបានសាកល្បងដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបង្កើនការវិនិយោគបៃតង និងការវិនិយោគស្អាត។ ការខាតបង់ដោយសារការបញ្ចេញកាបូន ជាអ្វីមួយដែលអ្នកសេដ្ឋកិច្ចភាគច្រើនគួរយល់ស្របគ្នា ដោយសារការចំណាយលើកាបូនគឺជាអ្វីដែលងាយមើលឃើញបំផុតដែលអាចប្រើដើម្បីលើកទឹកចិត្តសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នពុល។
ប្រព័ន្ធជួញដូរការបញ្ចេញឧស្ម័នឬទីផ្សារកាបូនគឺជាមធ្យោបាយមួយដើម្បីកំណត់ការចំណាយខាងលើ។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូនដែលមានតម្លៃ ១១,៦ លានដុល្លារពីទីតាំងចំនួនបីគឺដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។
បណ្តាប្រទេសនៃក្រុមអនុតំបន់មេគង្គដែលរួមមានកម្ពុជា និងផ្នែកខ្លះនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ក៏បានគិតគូរពីការអភិវឌ្ឍទីផ្សារថាមពលក្នុងតំបន់ ប៉ុន្តែការជួញដូរកាបូននៅក្នុងវិស័យនេះមានភាពស្មុគស្មាញច្រើន។
ដោយសារការផលិតធ្យូងថ្មគឺជាប្រភពឥន្ធនៈដែលការបំពុលកាបូនច្រើនបំផុតនៅក្នុងតំបន់(លើកលែងតែវាមានវិធីសាស្រ្តរួមក្នុងការកំណត់តម្លៃកាបូន) មានហានិភ័យដែលការបង្កើតធ្យូងថ្មនឹងបន្តមិនឈប់ឈរ ខណៈដែលគ្មានតម្លៃកាបូន នាំដល់ការកាត់បន្ថយប្រសិទ្ធភាពនៃឧបករណ៍គោលនយោបាយនេះ ដោយបង្កើតជា “ការលេចធ្លាយ” នៃការបំភាយឧស្ម័ន។
ឧបករណ៍គោលនយោបាយមួយទៀតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន គឺការកំណត់ដោយរដ្ឋាភិបាលទៅលើពន្ធកាបូនឬតម្លៃក្នុងមួយតោននៃការបញ្ចេញកាបូន។ បទប្បញ្ញត្តិដែលតម្រូវឱ្យក្រុមហ៊ុនបង្ហាញពីផលប៉ះពាល់លបរិយាកាសនិងសង្គមរបស់ពួកគេ ដល់វិនិយោគិនបច្ចុប្បន្ននិងសក្តានុពល គឺជាគោលនយោបាយដ៏មានប្រសិទ្ធភាពមួយទៀតដើម្បីលើកទឹកចិត្តក្រុមហ៊ុនឱ្យកាត់បន្ថយកាបូនក្នុងសកម្មភាពរបស់ខ្លួន។ ឧបករណ៍គោលនយោបាយទាំងនេះគួរត្រូវបានពិចារណាដោយប្រទេសកម្ពុជា។
ដើម្បីគាំទ្រដល់ការវិនិយោគបៃតង អត្រាពន្ធនាំចូលអនុគ្រោះសម្រាប់ការវិនិយោគបរិស្ថានមេត្រី (feed-in-tariffs)ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលសម្រាប់បច្ចេកវិទ្យាថាមពលកកើតឡើងវិញថ្មីៗកាលពីអតីតកាល ប៉ុន្តែឧបករណ៍គោលនយោបាយនេះលែងមានតម្រូវការទៀតហើយ ដោយសារការចំណាយលើបច្ចេកវិទ្យាថាមពលកកើតឡើងវិញដូចជាថាមពលព្រះអាទិត្យនិងថាមពលខ្យល់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ដើម្បីកាត់បន្ថយការចំណាយលើថាមពលកកើតឡើងវិញបន្ថែមទៀត បច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រើប្រាស់ការដេញថ្លៃ ឧទាហរណ៍ដូចជាការដេញថ្លៃប្រកបដោយការប្រកួតប្រជែង។
កំណើនកាបូនទាបលែងជាទំនួលខុសត្រូវតែឯងរបស់រាជរដ្ឋាភិបាលទៀតហើយ។ អ្នកប្រើប្រាស់ត្រូវទាមទារ អន្តរាគមន៍ដោះស្រាយទាំងក្នុងប្រទេស ក្នុងតំបន់ និងទូទាំងពិភពលោក។ និយតករត្រូវបង្កើតការលើកទឹកចិត្តខណៈដែលវិស័យហិរញ្ញវត្ថុត្រូវគិតគូរពីការចំណាយលើហានិភ័យ បង្កដោយអាកាសធាតុក្នុងការផ្តល់ហិរញ្ញប្បទាននិងកាកំណត់តម្លៃរបស់ខ្លួន។
ឧទាហរណ៍នៃជោគជ័យមួយ គម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្កាវ៉ាត់ ដែលត្រូវបានដាក់ដេញថ្លៃក្នុងឆ្នាំ ២០១៩ និងផ្តល់នូវតម្លៃផ្គត់ផ្គង់ប្រកួតប្រជែងខ្ពស់គឺ ០,០៣៨ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលអាចប្រៀបធៀបឬទាបជាងតម្លៃគីឡូវ៉ាត់ម៉ោងនៃថាមពលធ្យូងថ្ម ធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពល្អក្នុងការឈានទៅរក ការវិនិយោគថាមពលពន្លឺព្រះអាទិត្យ ព្រោះប្រទេសនេះមានកម្រិតនៃការសាយភាយកម្តៅខ្ពស់។ គោលនយោបាយផ្សេងទៀតត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពល លើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរពីផលប៉ះពាល់ (circular economy) និងវិស័យឧស្សាហកម្មដែលកាត់បន្ថយជាតិកាបូន។
ដល់ពេលដែលត្រូវគិតឡើងវិញអំពីការវិនិយោគថាមពលធ្យូងថ្មហើយ។ នៅចន្លោះឆ្នាំ ២០១១ និង ២០១៥ តម្រូវការអគ្គិសនីនៅប្រទេសកម្ពុជាបានកើនឡើង ១៨% ក្នុងមួយឆ្នាំហើយនៅឆ្នាំ ២០១៩ ប្រទេសបានជួបប្រទះឱនភាពថាមពលដ៏ធំមួយដែលបណ្តាលឱ្យមានការស្វែងរកប្រភពថាមពល និងការចុះកិច្ចព្រមព្រៀងធ្យូងថ្មថ្មីៗ។ បច្ចុប្បន្នប្រទេសកម្ពុជាមានរោងចក្រធ្យូងថ្មយ៉ាងតិចចំនួន ៤ កំពុងរៀបចំដាក់ឱ្យដំណើរការដែលនឹងបន្ថែមថាមពល ១,៦៣ ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ ២០២៤ ដែលជាចំនួនខ្ពស់ជាងទ្វេដងនៃសមត្ថភាពផលិតធ្យូងថ្មបច្ចុប្បន្នចំនួន ៦៧៥ មេហ្គាវ៉ាត់នៅក្នុងប្រទេស។
ចាប់តាំងពីឆ្នាំ ២០២០ ជាមួយនឹងបញ្ហាកូវីដ១៩ តម្រូវការថាមពលបានធ្លាក់ចុះ ហើយលើសពីនេះទៀតតម្លៃនៃថាមពលកកើតឡើងវិញបានបន្តធ្លាក់ចុះ។ គិតដល់ការរារាំងកាតព្វកិច្ចកិច្ចសន្យានៃកិច្ចព្រមព្រៀងធ្យូងថ្មកន្លងមក ប្រសិទ្ធភាពចំណាយនៃការវិនិយោគថាមពលធ្យូងថ្មនៅកម្ពុជា គួរតែត្រូវបានពិចារណាឡើងវិញ ជាពិសេសខណៈពេលដែលវិនិយោគិននិងអ្នកផលិតកាន់តែច្រើនឡើងៗ កំពុងចៀសវាងថាមពលធ្យូងថ្មដោយសារការកំណត់ដោយគោលដៅអាកាសធាតុ និងតម្រូវការឱ្យមានការបង្ហាញ សម្រាប់អ្នកវិនិយោគដែលមានទំនួលខុសត្រូវសង្គម។
ខណៈពេលដែលការវិនិយោគធ្យូងថ្មទាំងនេះអាចមានប្រសិទ្ធភាពចំណាយកាលពីអតីតកាលដោយសារបច្ចេកវិទ្យាផ្សេងៗ ការវិនិយោគនេះប្រហែលជាមិនចំណេញទេក្នុងពេលអនាគតដោយសារមានការគិតគូរកាន់តែខ្លាំងអំពីការចំណាយលើកាបូន។ ការបង្កើតឧស្ម័នមានការបញ្ចេញកាបូន ប៉ុន្តែវាមានបរិមាណតែពាក់កណ្តាលនៃបញ្ចេញកាបូនតាមរយៈការផលិតថាមពលធ្យូងថ្មប៉ុណ្ណោះ។ ទោះបីជាធនធាននុយក្លេអ៊ែរវារីអគ្គិសនី ខ្យល់ និងថាមពលព្រះអាទិត្យ គ្មានឬមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុត (inhydo) ក៏ដោយក៏ការផលិតថាមពលដោយវារីអគ្គិសនី និងនុយក្លេអ៊ែមានបញ្ហាប្រឈមផ្សេងដែរ។
ថ្លៃដើមប្រតិបត្តិការខ្ពស់ជាងមុនសម្រាប់ការផលិតធ្យូងថ្មនៅទីបំផុតនឹងត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់ក្នុងទម្រង់ជាអត្រាថ្លៃអគ្គិសនីខ្ពស់ជាងមុនឬជាពន្ធដោយប្រយោលដែលអាចប៉ះប៉ូវនូវការកើនឡើងណាមួយដែលបានផ្តល់តាមរយៈលទ្ធភាពទទួលបានអគ្គិសនីកាន់តែច្រើន។
ដើម្បីជ្រើសរើសរវាងការកាត់បន្ថយការបំភាយឧស្ម័នឬលទ្ធភាពទទួលបានថាមពលដែលមានតម្លៃសមរម្យមិនមែនជាការសម្រេចចិត្តគួរឱ្យចង់បានសម្រាប់រដ្ឋាភិបាលណាមួយឡើយ។ ដើម្បីចៀសវាងវារដ្ឋាភិបាលគួរតែពិចារណាលើការចំណាយសម្រាប់ជំនាន់មនុស្ស ដោយប្រើទស្សនៈវិស័យនៃវដ្តជីវិតនិងដោយប្រើសេណារីយ៉ូជាមួយការគិតគូរពេញលេញលើថ្លៃកាបូន ផលចំណេញផ្នែកហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម។
ការធ្វើសកម្មភាពទាំងនេះឥឡូវ អាចបង្ហាញថាការវិនិយោគបៃតង រួមទាំងការវិនិយោគថាមពលស្អាតមិនត្រូវការចំណាយច្រើនទេ។
អត្ថបទសរសេរដោយ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស នៃនិវេសដ្ឋាន បេសកកម្ម ប្រចាំកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង លោក សេដ្ឋវិទូ Darren Byers